បោះពុម្ព

ក្រសួងមហាផ្ទៃបានសម្រេច ដកហូតមុខដំណែង ឋានន្តរសក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រី នគរបាលជាតិ ចំនួន២២នាក់ តាមការស្នើសុំរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា

មន្ត្រីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ២២នាក់ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចដកហូតមុខដំណែង ឋានន្តរសក្តិ និងបណ្តេញចេញផុតពី ក្របខណ្ឌមន្ត្រីនគរបាលជាតិ ទៅតាមការស្នើសុំរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា។

យោងតាមសេចក្តីប្រកាសលេខ ២១០៧ ប្រក ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០១៦ របស់ក្រសួងមហាផ្ទៃ ស្តីពីការបណ្តេញចេញផុតពីក្របខណ្ឌមន្ត្រីនគរបាលជាតិ បានបញ្ជាក់ថា មន្ត្រីនគរបាលជាតិចំនួន២០នាក់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានបណ្តេញចេញផុតពីក្របខណ្ឌនគរបាលជាតិ ដោយសារមូលហេតុមិនមកបំពេញការងារ។

ដោយឡែកមួយផ្សេងទៀតតាមសេចក្តីប្រកាសលេខ ២១១៤ ប្រក ចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ ស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ បានបញ្ជាក់ថា មន្ត្រីនគរបាលជាតិចំនួន ០២នាក់ នៃបណ្ឌិត្យសភានគរបាលកម្ពុជាត្រូវបានដកហូតមុខដំណែង ដោយសារមូលហេតុ អសកម្មការងារ។

គួរបញ្ជាក់ផងដែរថាមួយរយៈចុងក្រោយនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើកំណែទម្រង់ ជុំវិញការងារ សំខាន់ៗមួយចំនួន រួមមាន៖ ការងារដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាពនិស្សិត-សិក្ខាកាម ការពង្រឹងវិន័យនិស្សិត-សិក្ខាកាម ការពង្រឹងសម្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឱ្យមានសមត្ថភាពពេញលេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំង និងតម្រូវការរបស់ប្រទេសជាតិ។