បោះពុម្ព

មន្ត្រី និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន២០១នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ

ដីឥដ្ឋ៖យោងព្រះរាជក្រឹត្យ អនុក្រឹត ប្រកាស និង សេចក្តីសម្រេច ដែលអានជូនដោយតំណាង នាយកដ្ឋានបុគ្គលិក (ក្រសួងមហាផ្ទៃ) និង តំណាងមន្ទីរចាត់ការ (បណ្ឌិត្យសភានគរបាលកម្ពុជា) នៅក្នុងពិធីប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃព្រសហ្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦ នេះ ឱ្យដឹងថាមន្ត្រីនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជាជាង២០១នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ។

អញ្ជើញជាអធិបតីនៅក្នុងពិធីនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានលើកឡើងថា៖ « ពិធីប្រកាសមុខតំណែង ផ្ទេរភាកិច្ច និងបំពាក់ឋានន្តរសក្តិ នាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ស្របទៅនឹងភាពរីកចម្រើន និងការធ្វើកំណែទម្រង់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការកសាង នូវធនធានមនុស្សក្នុងជួរមន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារ របស់យើង ឱ្យទទួលបានសមត្ថភាពសមស្រប និងសក្តិសមជាកងកម្លាំងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ ដោយស្មោះត្រង់»។
ឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ រួមជាមួយនិង ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ បំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ និងគ្រូនគរបាលជាតិចំនួន២០១នាក់។
មន្ត្រីនគរបាលជាតិ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលត្រូវបំពាក់ឋានន្តរសក្តិខាងលើ មានជាអាទិ៍៖
ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន០៥រូប
ថ្នាក់ឧត្តមសេនីយ៍ត្រី ចំនួន១៣រូប
ថ្នាក់វរសេនីយ៍ឯក ចំនួន២៨រូប
ថ្នាក់វរសេនីយ៍ទោ ចំនួន៣៣រូប
ថ្នាក់វរសេនីយ៍ត្រី ចំនួន៦៨រូប
ថ្នាក់អនុសេនីយ៍ឯក ចំនួន១៧រូប
ថ្នាក់អនុសេនីយ៍ទោ ចំនួន១៣រូប
ថ្នាក់អនុសេនីយ៍ត្រី ចំនួន១០រូប
ថ្នាក់ព្រិនបាលឯក ចំនួន០៥រូប
ថ្នាក់ព្រិនបាលទោ ចំនួន០៦រូប
ថ្នាក់ពលបាលឯក ចំនួន០១រូប និង
ថ្នាក់ពលបាលទោ ចំនួន០២រូប៕