បោះពុម្ព

លទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូ នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅក្នុង “វេទិកាថា្នក់ដឹកនាំបណ្ឌិត្យសភានគរបាល អាស៊ាន-ចិន-ប្រទេសជិតខាង និងកិច្ចប្រជុំតុមូល ស្តីពីការកសាងសមត្ថភាព មន្រ្តីអនុវត្តច្បាប់ ” នៅខេត្តយូណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានបញ្ចប់ដំំណើរទស្សនកិច្ចរយៈពេល៧ថ្ងៃ នៅសាធារណៈរដ្ឋប្រជាមានិត ចិន (ពីថ្ងៃទី២៨ ខែមីនា ដល់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦) ដោយបាននូវមកនូវការផ្លាស់បទពិសោធន៍ល្អៗ បានជាប្រយោជន៍ដល់ការពង្រឹងបន្ថែមនូវស្ថាប័នបណ្ឌិត្យសភានគរបាលកម្ពុជា បន្ថែមទៀត។

 

កាលពីថ្ងៃទី២៨ ខែមីនា ដល់ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងតបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ្គោ បាវ ប្រធានបណ្ឌិត្យភានគរបាលខេត្តយូណាន ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូទៅចូលរួម "វេទិកាថា្នក់ ដឹកនាំបណ្ឌិត្យសភានគរបាល អាស៊ាន-ចិន និងបណ្តាប្រទេសជិតខាង និងកិច្ចប្រជុំតុមូល ស្តីពីការកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ "។
នៅក្នុងវេទិកា និងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី
និងតំណាងប្រតិភូនៃបណ្ឌិត្យសភានគរបាលពីប្រទេសចំនួន១១ បានឡើងធ្វើ បទអន្តរាគមន៍ផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍គ្នា ក្នុងការងារបណ្តុះបណ្តាល ដើម្បីកសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ឲ្យឆ្លើយតបទៅនឹងសភាពការណ៍សន្តិសុខ ដែល កំពុងគំរាមកំហែងនៅក្នុងតំបន់ និងសកលលោក រួមមានៈ បទល្មើសជួញដូរគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសរត់ពន្ធ និងជួញដូរអាវុធ បទល្មើសតាមប្រព័ន្ធបច្ចកវិទ្យា បទល្មើសតាមប្រព័ន្ធទូរគមនាគមន៍ បទល្មើសហិរញ្ញវត្ថុ បទល្មើសភេរវកម្ម និងបទល្មើស បង្កឡើងដោយចលនាជ្រុលនិយមហិង្សា។
លទ្ធផល និងបទពិសោធន៍ ដែលទទួលបាន មានដូចខាងក្រោមៈ
១- ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលទាំង១២ប្រទេស បានឯកភាពគ្នាបង្កើតឲ្យមានវេទិកា និងកិច្ចប្រជុំតុមូលបែបនេះជារៀងរាល់ឆ្នាំ ក្នុងការចែករំលែកព័ត៌មាននិងបទពិសោធន៍គ្នា ការដោះស្រាយការលំបាកនិងបញ្ហាប្រឈមនានា លើការងារបណ្តុះបណ្តាល ស្តីពីការ
កសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ ដើម្បីទប់ស្កាត់បទល្មើសដូចបានលើកឡើងខាងលើ។
២- វេទិកា និងកិច្ចប្រជុំនេះ បានផ្តល់បទពិសោធន៍ ស្តីពីការងារដឹកនាំ គ្រប់គ្រងការងារអប់រំជាក់ស្តែងរបស់បណ្ឌិត្យសភានគរបាលនីមួយៗ ដើម្បីតម្រង់ទិសការបណ្តុះបណ្តាលទៅរកសភាពការណ៍សន្តិសុខ និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង ក្នុងបរិបទប្រទេសរៀងៗខ្លួន។
៣- វេទិកា និងកិច្ចប្រជុំនេះ បានផ្តល់ឱកាសដល់បណ្ឌិត្យសភនគរបាលកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិ។
៤- វេទិកា និងកិច្ចប្រជុំនេះ បានធ្វើឲ្យថ្នាក់នាំបណ្ឌិត្យសភានគរបាលកម្ពុជា បានយល់ដឹងកាន់តែច្បាស់ អំពីរបៀបរៀបចំនិងចាត់ចែងកិច្ចប្រជុំកម្រិតអន្តរជាតិធំៗ។
៥- តាមការជួបពិភាក្សាការងារដោយឡែក បណ្ឌិត្យសភានគរបាលខេត្តយូណាន បានឯកភាពឲ្យភាគីបណ្ឌិត្យសភានគរបាលកម្ពុជា ចាត់បញ្ជូនថ្នាក់ដឹកនាំចំនួន១០រូប និងគ្រូនគរបាលចំនួន១៥រូប មកចូលរៀនវគ្គបំប៉ន ស្តីពីការដឹកនាំការងារអប់រំ និងវគ្គបំប៉នជំនាញឯកទេសគ្រូបង្គោល សម្រាប់ឆ្នាំ២០១៦នេះ។