បោះពុម្ព

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ដឹកនាំប្រតិភូបំពេញទស្សនកិច្ចនៅអាមេរិក ផ្តោតលើការអប់រំបណ្តុះបណ្តាលមន្ត្រីនគរបាល

(ភ្នំពេញ)៖តាមការរៀបចំ និងតបតាមការអញ្ជើញ របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា និងដោយទទួលបាន ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ០៤ រូប បំពេញទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ រដ្ឋសហព័ន្ឋ (FLETC) នៃរដ្ឋ Georgia និង ទីស្នាក់កណ្តាលក្រសួងសន្តិសុខមាតុភូមិ នៃ រដ្ឋWashington DC សហរដ្ឋអាមេរិច ចាប់ពីថ្ងៃទី ២២ ខែ មេសា ដល់ថ្ងៃទី ០១ ខែ ឧសភា ឆ្នាំ ២០១៦ ។

 

ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងបណ្ឌិត្យនគរបាលកម្ពុជា ជាមួយសហេដ្ឋអាមេរិច លើការងារអប់រំបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់ តាមរយៈការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ រវាងថ្នាក់ដឹកនាំ មន្រ្តី គ្រូនគរបាល ការធ្វើសិក្ខាសាលា ការស្រាវជ្រាវ និងការទទួលស្គាល់កម្មវិធីសិក្សារួមគ្នាដែលជាការអនវត្តស្របនឹងផែនការយុទ្ធសាស្រ្តរយៈពេល០៥ឆ្នាំ (២០១៥-២០១៩) របស់ខ្លួន និងទិសដៅក្រសួងមហាផ្ទៃ ។ ក្នុងន័យនេះ ទស្សនកិច្ចសិក្សា មានគោលដៅ ដូចខាងក្រោម៖

១. សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ លើការងារដឹកនាំ គ្រប់គ្រង ស្តីពីការអប់រំបណ្តុះបណ្តាល មន្រ្តីអនុវត្តច្បាប់ ។
២. សិក្សាស្វែងយល់អំពីវិធីសាស្រ្តបង្ហាត់បង្រៀន និងរៀបចំផែនការតម្រូវការគ្រូជំនាញឯកទេសបន្តវេន ។
៣. សិក្សាស្វែងយល់អំពីកន្លែងអនុវត្តជាក់ស្តែង ដូចជាមន្ទីរបទពិសោធន៍ និងកន្លែងហ្វឹកហាត់នានា ។
៤. សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីកិច្ចសហការ រវាងអង្គភាពប្រើប្រាស់កងកម្លាំង និង អង្គភាពអប់រំ-បណ្តុះបណ្តាល ក្នុងន័យជម្រុញឲ្យការងារអប់រំបណ្តុះបណ្តាល ឆ្លើយតបតម្រូវការអង្គភាព ប្រើប្រាស់កងកម្លាំង និងសភាពការណ៍សន្តិសុខរបស់ប្រទេសជាតិ ។

៥. សិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ស្តីពីការរៀបចំផែនការវគ្គបណ្តុះបណ្តាលប្រចំាឆ្នាំ រៀបចំកម្មវិធីសិក្សាតាមវគ្គ និងរបៀបគ្រប់គ្រងវគ្គសិក្សានីមួយៗ ។
ក្នុងដំណើរទស្សនកិច្ចសិក្សានេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងសមាជិកគណៈប្រតិភូ គ្រោងជួបជាមួយថ្នាក់នាំរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់រដ្ឋសហព័ន្ឋ ដែលមានបណ្ឌិត្យសភា និងអង្គភាពបណ្តុះបណ្តាលជាច្រើន ក្រោមចំណុះ និងគ្រោងជួបជាមួយប្រធានអង្គភាពរដ្ឋសហព័ន្ឋ ដែលអ្នកដឹកនាំបញ្ជា និងប្រើប្រាស់មន្រ្តីអនុវត្តច្បាប់ ៕