បោះពុម្ព

លទ្ធផលនៃការចូលរួមសន្និបាតបូកសរុបការងារ រយៈពេល២០ឆ្នាំ និងការបំពេញទស្សនកិច្ចសិក្សា នៅបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា

តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាស្រ្តាចារ្យ បណ្ឌិត ង្វៀន សួនអៀម ប្រធាន បណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូ បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ០៥ រូប ចូលរួម សន្និបាតបូក សរុបការងារ រយៈពេល ២០ ឆ្នាំ (១៩៩៥-២០១៥) លើការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ក្រោមប្រធានបទស្តីពី "២០ឆ្នាំបណ្តុះបណ្តាលបណ្ឌិត សមិទ្ធផល បទពិសោធន៍ និងទិសដៅអភិវឌ្ឍន៍" និងបំពេញទស្សនកិច្ចសិក្សា នៅបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម កាលពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ២០១៦ ចំនួន ០៤ ថ្ងៃ ។

គោលដៅចម្បងនៃដំណើរបេសកកម្មនេះ គឺបន្តពង្រឹងនូវ កិច្ចសហប្រតិបត្តិការ ឲ្យស្របតាមខ្លឹមសារ អនុស្សារណៈ នៃការយោគយល់ (MoU) និងផែនការសកម្មភាព សម្រាប់អនុវត្តឆ្នាំ២០១៥-២០១៦ រវាងបណ្ឌិត្យសភានគរបាល ទាំងពីរ ស្តីពីការបណ្តុះបណ្តាលមន្រ្តីនគរបាល ការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ រវាងមន្រ្តី គ្រូ និងនិស្សិត-សិក្ខាកាម ព្រមទាំងការធ្វើសិក្ខាសាលា-វេទិកាពិភាក្សា និងការទទួលស្គាល់កម្មវិធីសិក្សារួមគ្នា។ ការចូលរួម វេទិកានេះ គឺជាការឆ្លើយតបផងដែរ ទៅនឹងផែនការយុទ្ធសាស្រ្តរយៈពេល ០៥ឆ្នាំ (២០១៥-២០១៩) របស់បណ្ឌិត្យសភានគរបាលកម្ពុជា ស្តីពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាបានឡើងថ្លែង សុន្ទរកថា ដើម្បីសំដែងនូវការចូលរួមអបអរសាទរ ចំពោះការរីកចម្រើន របស់បណ្ឌិត្យសភាតម្រួត ប្រជាជនវៀតណាម ទាំងផ្នែកធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធនានា បម្រើឲ្យការងារបណ្តុះបណ្តាល ក្នុងរយៈពេល៤៨ឆ្នាំកន្លងមក ពិសេសការបណ្តុះបណ្តាលថ្នាក់បណ្ឌិត ដែលទទួលបានការគាំទ្រពី ក្រសួង នគរបាលវៀតណាម និងទទួលបានសមិទ្ធផលជាទីមោទនៈ សម្រាប់រយៈពេល ២០ ឆ្នាំ ចុងក្រោយ ព្រមទាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រសួងនគរបាលវៀតណាម ពិសេសបណ្ឌិត្យសភាតម្រួត ប្រជាជនវៀតណាម ដែលកន្លងមកបានជួយបណ្តុះបណ្តាល បំប៉នសមត្ថភាពដល់មន្រ្តីនគរបាល និងមន្រ្តីពន្ធនាគារនៃព្រះរាជាណាចក្រកម្ពុជា ។


មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានជួបពិភាក្សាដោយឡែកយ៉ាងស៊ីជម្រៅ និងលើកជាសំណូមពរមួយចំនួន ជូនដល់បណ្ឌិត្យសភាតម្រួត ប្រជាជនវៀតណាម ក្នុងន័យពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយជាការឆ្លើយតប ភាគីវៀតណាម បានឯកភាពដូចខាងក្រោម ៖
- កែសម្រួល និងបន្ថែមខ្លឹមសារនៃអនុស្សារណៈនៃការយោគយល់(MoU) ដើម្បីចុះហត្ថលេខា ជាថ្មីម្តងទៀតរវាងភាគីទាំងពីរ សម្រាប់ការបំពេញទស្សនកិច្ចសិក្សា របស់ភាគីវៀតណាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា នៅដើមត្រីមាសទី៤ ឆ្នាំ ២០១៦
- ផ្តល់ឯកសារបណ្តុះបណ្តាល និងជួយបណ្តុះបណ្តាលគ្រូបង្ហាត់បង្រៀន ឬ គ្រូបង្គោលលើជំនាញដែលខ្វះខាត៖ ជំនាញឧក្រិដ្ឋវិទ្យា ជំនាញបច្ចេកទេសវិទ្យាសាស្រ្ត ជំនាញគ្រប់គ្រងប្រឆាំងបាតុកម្មនិងភេរវកម្ម ជំនាញការពារគោលដៅ និងអន្តរាគមន៍ពិសេស ជំនាញគ្រប់គ្រងអន្តោប្រវេសន៍និងគ្រប់គ្រងច្រកទ្វារព្រំដែន ជាដើម។ល។
- បន្តជួយចាត់បញ្ជូនគ្រូនគរបាលវៀតណាម មកបង្ហាត់បង្រៀន នៅបណ្ឌិត្យសភានគរបាលកម្ពុជា
- ផ្តល់កិច្ចសហការ និងការឧបត្ថម្ភគាំទ្រ ដើម្បីដំណើរការវគ្គសិក្សាថ្នាក់បណ្ឌិត្យនៅ បណ្ឌិត្យសភានគរបាលកម្ពុជា នាពេលខាងមុខ
- បានឯកភាពជាគោលការណ៍លើការចុះហត្ថលេខា និងប្រថាប់ត្រារួមគ្នា លើការចេញសញ្ញាបត្របណ្ឌិតកិតិ្តយស ដោយបណ្ឌិត្យសភានគរបាលកម្ពុជា និងបណ្ឌិត្យសភាតម្រួតប្រជាជនវៀតណាម ជូនថ្នាក់ដឹកនាំ នគរបាលភាគីកម្ពុជាមួយចំនួន ។


ក្រៅពីនេះ លោកបានចូលរួមសម្ពោធ និងទស្សនកិច្ចបណ្ណាល័យអេឡិកត្រូនិក (E-Library) និងមន្ទីរពិសោធន៍នានា ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក តូ លឹមរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ។