ពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ ដល់សិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខណ្ឌថ្មី
នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា គ.ស.២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ ដល់សិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខណ្ឌថ្មី នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ដែលមានសិស្សនគរបាល សរុបចំនួន១៣៥នាក់ ជានារី៣៧នាក់។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់នូវអនុសាសន៍ដល់សិស្សនគរបាលគ្រប់រូបត្រូវ ៖
– យកចិត្តទុកដាក់សិក្សារៀនសូត្រ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង «បើអ្នកបង្ហូរញើសច្រើននៅទីនេះ អ្នកនឹងបង្ហូរឈាមតិចនៅតាមដងផ្លូវ»
– មានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងហាមដាច់ខាតចំពោះការប្រព្រឹត្តនូវសកម្មភាពខុសច្បាប់នានា ពីព្រោះបណ្ឌិត្យសភា មិនមានការយោគយល់ ឬលើកលែងចំពោះសិស្ស ដែលមិនបានគោរពវិន័យនិងមិនបានបំពេញគ្រប់លក្ខខណ្ឌនានាតាមកម្មវិធីអប់រំ
– ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិនានា ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុង
– ប្រកាន់ខ្ជាប់នូវទស្សនៈ «រៀនឱ្យចេះ មិនមែនរៀនឱ្យចប់ » និង «គុណភាពមិនអាចសម្របសម្រួលបានឡើយ»
– ត្រូវចូលរួមធ្វើការវាយតម្លៃលើដំណើរការបណ្តុះបណ្តាលវគ្គទាំងមូល និងផ្តល់ជាមតិយោបល់ឬសំណូមពរនានា នៅពេលបញ្ចប់វគ្គសិក្សា
– អ្នកដែលមិនបានទទួលជោគជ័យក្នុងការសិក្សានឹងមិនត្រូវបានផ្តល់វិញ្ញាបនបត្រនិងមិនត្រូវបានប្រកាសតាំងស៊ប់នោះទេ
– ពេលត្រឡប់ទៅបម្រើការងារវិញ ត្រូវចេះបង្ហាញពីឥរិយាបថការងារថ្មី ជាមន្ត្រីនគរបាលដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ មានសីលធម៌ល្អ មានការទទួលខុសត្រូវលើការងារ មានភាពស្មោះត្រង់ ដើម្បីឱ្យថ្នាក់ដឹកនាំផ្តល់ជំនឿទុកចិត្តមកលើខ្លួន។
កម្មវិធីខាងលើនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង១១ៈ៣០នាទីព្រឹក ប្រកបដោយបរិយាកាសរីករាយ។
អត្ថបទនិងរូបថត ៖ នាយកដ្ឋានបណ្តុះបណ្តាល