ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ចុះសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង នៅសាលានគរបាលជាតិភូមិភាគ៦
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១ ខែសីហា គ.ស២០១៩ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានចុះសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរងក្របខ័ណ្ឌថ្មី ជំនាន់ទី១៣ លើកទី៣ កំពុងសិក្សានៅសាលានគរបាលជាតិភូមិភាគ៦ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ដែលមានសិស្សនគរបាល សរុបចំនួន ១៤១នាក់ ជានារី ១១នាក់។
ក្នុងដំណើរចុះសួរសុខទុក្ខសិស្សនាយ-នាយរងនគរបាល នោះ ឯកឧត្តម សន្តិបណ្ឌិត ប្រធានប្រតិភូ បាននាំយកអំណោយមួយចំនួន មានដូចជា៖
១) មី ចំនួន ៥០កេសតូច ២) ទឹកស៊ីអ៊ីវ ចំនួន ៥យួរ ៣) ទឹកត្រី ចំនួន ៥យួរ ៤) ត្រីងៀត ៥០គីឡូ
៥) ទឹក្រូចនិងទឹកបរិសុទ្ធមួយចំនួន ៦) ថវិកា សរុបចំនួន១០,១៨០,០០០ រៀល(ដប់លាន មួយសែន ប្រាំបីម៉ឺនរៀល) ដើម្បីឧបត្ថម្ភដល់សាលា ថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យា និងសិស្សនគរបាល។
ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ប្រធានគណៈអធិបតី លោកស្នងការខេត្តកំពង់ឆ្នាំង និងលោកប្រធាននាយកដ្ឋាននគរបាលការពារ បានសន្យាឧបត្ថម្ភសម្រាប់ពិធីបិទវគ្គ ជាថវិកានិងសម្ភារ មួយចំនួន រួមមាន ៖ ១) ថវិកាចំនួន ១លានរៀល ២) ស្រាបៀរ ៥០កេស និង ៣) គោចំនួន ២ក្បាល។
បន្ទាប់មក គណៈប្រតិភូ បានបន្តចុះពិនិត្យមើលអគារសិក្សា អគារសិស្សស្នាក់នៅ អាហារដ្ឋាន កន្លែងដាក់អាវុធ និងអាងទឹកផងដែរ។ សកម្មភាពនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ ដើម្បីឱ្យកងកម្លាំងនគរបាលជាតិមានលក្ខណសម្បត្តិល្អ ប្រកបដោយក្រមសីលធម៌និងវិជ្ជាជីវៈ។
អត្ថបទនិងរូបថត ៖ នាយកដ្ឋានបណ្តុះបណ្តាល