ពិធីបិទវគ្គបណ្តុះបណ្តាល “OPERACY កូនសោរទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួន ការពង្រឹងអំណាចនិងភាពជាអ្នកដឹកនាំ” នៅបណ្ឌិត្យសភានគរបាលកម្ពុជា
នារសៀលថ្ងែទី២៩ ខែសីហា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីបិទវគ្គ បណ្តុះបណ្តាល OPERACY កូនសោរទៅកាន់ភាពជោគជ័យផ្ទាល់ខ្លួន ការពង្រឹងអំណាច និងភាពជាអ្នកដឹកនាំ ដែលបានសហការរៀបចំដោយ អង្គការ HEDC អន្តរជាតិ និងបណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងអំណរគុណចំពោះ លោកវាគ្មិនកិត្តិយសសាស្ត្រាចារ្យបណ្ឌិត គ្រីស្តូហ្វឺ លី (Christopher Lee) និងសហការីនៃអង្គការ HEDC អន្តរជាតិ ដែលបានឆ្លៀតពេលវេលា អញ្ជើញមកធ្វើវាគ្មិនកិត្តិយសសម្រាប់វគ្គបណ្តុះបណ្តាល OPERACY រយៈពេល៣ថ្ងៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នេះគឺជាការចួលរួមចំណែកអប់រំបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ មន្រ្តីពន្ធនាគារ ដើម្បីក្លាយខ្លួនជាមន្ត្រីនគរបាលល្អប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងជួយឱ្យសិក្ខាកាមកាន់តែទទួលបានជោគជ័យក្នុងជីវិតបន្ថែមទៀត តាមរយៈការអនុវត្តគន្លឹះជោគជ័យក្នុងជីវិត ការពង្រឹងអំណាចផ្លូវចិត្ត ផ្ទាល់ខ្លួន និងមានភាពជាម្ចាស់លើជីវិតខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុងទៅលើកត្តាខាងក្រៅ វាសនា ព្រហ្មលិខិត និងព្រេងសំណាង។ ម៉្យាងទៀតវគ្គនេះបានជួយពង្រឹងគុណតម្លៃ ផ្លាស់ប្តូរការគិតរបស់បុគ្គល ការកសាងទំនុកចិត្តក្រមសីលធម៌ការងារ ការសហការ និងទំនាក់ទំនងល្អជាមួយក្រុមគ្រួសារ សមាជិកក្រុមនិងសហគមន៍ ព្រមទាំងបានបង្កើនជំនាញការដឹកនាំ ការគ្រប់គ្រងស្ថាប័ន ពិសេសការពង្រឹងស្មារតីការទទួលខុសត្រូវ និងភាពស្មោះត្រង់របស់បុគ្គលិក ឬមន្រ្តី ហើយបង្ហាញអំពីគន្លឹះនៃការលើកទឹកចិត្តបុគ្គលិកឬមន្រ្តី ដើម្បីជំរុញឲ្យមានឆន្ទៈក្នុងការបំពេញការងារប្រកប ដោយទំនួលខុសត្រូវ និងភាពស្មោះត្រង់ ។
ជាចុងបញ្ចប់ ឯកឧត្តម ប្រធានគណៈអធិបតី បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ឱ្យយកចំណេះដឹង ជំនាញដែលទទួលបានពីការបណ្ដុះបណ្ដាលនេះ ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ និងមានប្រសិទ្ធភាពដល់អង្គភាពរបស់ខ្លួន ក្នុងការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយមានអាកប្បកិរិយា ឥរិយាបថ និងទំនាក់ទំនងល្អ ទាំងក្នុងការបំពេញការងារ និងក្នុងសង្គម ជាពិសេសជាមួយប្រជាពលរដ្ឋ ។