ការវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំ សម្រាប់បណ្ឌិត្យសភានគរបាលកម្ពុជា
នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា គ.ស.២០១៩ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ បណ្ឌិត សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលបដិសណ្ឋារកិច្ច ក្រុមមន្ត្រីវាយតម្លៃនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដែលបានចុះវាយតម្លៃគុណភាពអបរំ តាមសំណើរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងពិធីនេះ ឯកឧត្តម ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានមានមតិស្វាគមន៍ដោយលើកឡើងថានេះ ជាលើកទី១ និងជាប្រវត្តិសាស្រ្តដែលបណ្ឌិត្យសភា ត្រូវធ្វើការវាយតម្លៃដើម្បីទទួលស្គាល់គុណភាពអប់រំសម្រាប់គ្រឹះស្ថានទាំងមូល ដើម្បីលើកកម្ពស់កិត្យានុភាព និងឧត្តមភាពរបស់ខ្លួនទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ។
ឯកឧត្តម ប្រធានបានបន្តថា បច្ចុប្បន្ននេះ បណ្ឌិត្យសភានគរបាលកម្ពុជា កំពុងមានវឌ្ឍនភាព និងបន្តខិតខំកំណែទម្រង់លើការងារដឹកនាំគ្រប់គ្រង ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសម្ភារៈរូបវន្តគ្រប់ប្រភេទ ស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៥-២០១៩) ផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសឆ្លើយតបទៅនឹងស្ដង់ដាជាតិ សម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា ដើម្បីលើកកម្ពស់កិត្យានុភាព និងឧត្តមភាពរបស់ខ្លួន ដែលអាចប្រៀបធៀបបាននឹងអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងនគរបាល នៃប្រទេសនានាក្នុងក្របខណ្ឌអាស៊ាន និងតំបន់ ព្រមទាំងដើម្បីលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្រ្តីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ស្របតាមតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង និងលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ។
ការចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំនេះ ចាប់ដំណើរការពីថ្ងៃទី១៨-២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយផ្អែកតាមស្ដង់ដាជាតិសម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សាចំនួន៩ស្ដង់ដារួមមាន ៖
ស្តង់ដា១៖ ចក្ខុវិស័យ បេសកកម្ម និង គោលដៅ
ស្តង់ដា២៖ អភិបាលកិច្ច និងការគ្រប់គ្រង
ស្តង់ដា៣៖ បុគ្គលិកអប់រំ
ស្តង់ដា៤៖ កម្មវិធីអប់រំ
ស្តង់ដា៥៖ សេវានិស្សិត
ស្តង់ដា៦៖ ធនធានសិក្សា
ស្តង់ដា៧៖ ធនធានរូបវន្ត
ស្តង់ដា៨៖ ធនធានហិរញ្ញវត្ថុ
ស្តង់ដា៩៖ ការធានាគុណភាពផ្ទៃក្នុង
ក្នុងដំណើរការវាយតម្លៃនេះ ក្រុមមន្ត្រីវាយតម្លៃនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា បានធ្វើការពិនិត្យឯកសារភស្ដុតាងគាំទ្រសូចនាករនៃស្ដង់ដាជាតិ ការចុះពិនិត្យផ្ទាល់លើហេដ្ឋារចនាសម្ព័ន្ធ ធនធានសិក្សា និងធ្វើការសម្ភាសន៍ជាមួយគណៈគ្រប់គ្រង សាស្ត្រាចារ្យ-គ្រូនគរបាលជាតិ និងនិស្សិតដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ ។
ការវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំនេះ មានសារៈសំខាន់ណាស់សម្រាប់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការរកឱ្យឃើញនូវចំណុចខ្លាំង ចំណុចដែលត្រូវកែលម្អ ដើម្បីធ្វើឱ្យគុណភាពកាន់តែល្អប្រសើរឡើងជាលំដាប់។
អត្តបទ និងរូបភាព៖ ដេប៉ាតឺម៉ង់ធានាគុណភាពអប់រំផ្ទៃក្នុង