ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយ លោកបណ្ឌិត J. M. Vyas សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រកោសលវិច័យនៃសាធារណរដ្ឋឥណ្ឌា
នារសៀលថ្ងៃសុក្រ ទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ដ្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញជាមួយ លោកបណ្ឌិត J. M. Vyas សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រកោសលវិច័យនៃសាធារណរដ្ឋឥណ្ឌា ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១- អនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នា ភាគីទាំង២ឯកភាពនឹងបន្តធ្វើទស្សនកិច្ចជាផ្លូវការ នៅពេលដែលស្ថានភាពនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរឡើងវិញ។
២- ភាគីសាកលវិទ្យាល័យជាតិវិទ្យាសាស្ត្រកោសលវិច័យនៃសាធារណរដ្ឋឥណ្ឌា នឹងផ្ដល់វគ្គបណ្ដុះបណ្ដាលជំនាញឯកទេសពាក់ព័ន្ធនឹងការគ្រប់គ្រងសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា ការស៊ើបអង្កេតបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងជំនាញជាក់លាក់ផ្សេងៗទៀត ដល់គ្រូនគរបាលជាតិបន្តវេនរបស់បណ្ឌិត្យសភា ចំនួន ៥ទៅ១០នាក់ តាមប្រព័ន្ធអនឡាញ និងតាមវគ្គបណ្ដុះបណ្ដាលជាក់ស្ដែងទៅតាមសំណើរបស់បណ្ឌិត្យសភា។
៣- ឯកភាពឱ្យភាគីបណ្ឌិត្យសភា លើកសំណើអំពីប្រធានបទស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសអ្វីមួយ ដើម្បីធ្វើការអនុវត្តគម្រោងស្រាវជ្រាវរួមគ្នា។
៤- ឯកភាពក្នុងការជួយគាំទ្រឱ្យមានការបង្កើតមន្ទីរពិសោធន៍កោសល្យវិច័យខ្នាតតូចនៅបណ្ឌិត្យសភា។ និង
៥- បើកចំហរឱ្យនិស្សិតនៃបណ្ឌិត្យសភានគរបាលកម្ពុជាចុះឈ្មោះចូលរៀនតាមប្រព័ន្ធអនឡាញថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញឯកទេសមួយចំនួនដូចជា វិទ្យាសាស្ត្រកោសល្យវិច័យ ចិត្តសាស្ត្រកោសល្យវិច័យ កោសល្យវិច័យបទល្មើសព្រហ្មទណ្ឌ ជំនាញឧក្រិដ្ឋវិទ្យា និងវិទ្យាសាស្ត្រកោសល្យវិច័យផ្សេងៗទៀត៕