បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទវគ្គ នៅសាលានគរបាលជាតិភូមិភាគ១

ចំនួនទស្សនា (846)

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង ដែលមានសិស្សនគរបាលជ័យលាភីសរុបចំនួន១៧៧នាក់ នារី២៩នាក់។

សូមបញ្ជាក់ជូនថា សមិទ្ធផលសំខាន់ៗដែលត្រូវបានដាក់សម្ពោធនាពេលនោះ មានដូចជា ផ្លូវបេតុងប្រវែង១ ២៩៥ម៉ែត្រ ប្រព័ន្ធលូរំដោះទឹកប្រវែងសរុប១៧៣៤ម៉ែត្រ ទីធ្លាសម្រាប់ហ្វឹកហាត់និងគោរពទង់ជាតិទំហំ១៦៦៩ម៉ែត្រការ៉េ និងចំណតរថយន្តទំហំ៩៧៤ម៉ែត្រការ៉េ ឧបត្ថម្ភដោយ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង តារាងបាល់ទាត់ តារាងបាល់ទះ សួនច្បារ សួនរុក្ខជាតិ រុក្ខវិថី ឡដុតសំរាម ម៉ាស៊ីនចម្រោះទឹកស្អាត ព្រមទាំងសម្ភារៈគាំទ្រមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរសជននានា។

ជាកិច្ចចាប់ផ្ដើមនៃពិធីនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក សារ៉ាយ នាយកសាលា បានថ្លែងសុន្ទរកថាស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាល ដំណើរការស្ថាបនាផ្លូវបេតុង ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានារបស់សាលានគរបាលជាតិភូមិភាគ១។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវកម្មវិធីកំណែទម្រង់ច្បាស់លាស់ទាក់ទងនឹងវិស័យសន្តិសុខ ដោយផ្ដោតលើគោលដៅ៣សំខាន់ៗគឺ៖ ទី១- ការបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ។ ទី២- ការពង្រឹងសមត្ថភាពនិងបន្តជំរុញវឌ្ឍនភាពបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគនានា ទី៣- ការបំពាក់សម្ភារៈ ឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់គាំទ្រដល់កិច្ចប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តីនគរបាលជាតិ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជានិងសាលានគរបាលជាតិភូមិភាគ១ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយមោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្ដែងនៃការងារបណ្ដុះបណ្ដាលធនធានមនុស្ស ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភាននិងសាលានគរបាលជាតិភូមិភាគនានា។

ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សារហូតទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រប្រជាពលរដ្ឋ។

ជាទីបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិតបានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រសិក្សាដល់តំណាងសិស្សនគរបាលជ័យលាភីចំនួន១៥រូប និងបណ្ណថ្លែងអំណរគុណដល់សប្បុរសជនចំនួន៩រូប ផងដែរ៕

Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន