ពិធីបិទ វគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈនគរបាល និងប្រកាសតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ
ដីឥដ្ឋ ថ្ងៃទី២១ ខែមិថុនា គ.ស.២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលបឋមវិជ្ជាជីវៈនគរបាល ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។ វគ្គនេះ មានសិស្សសរុបចំនួន២៥៥នាក់ ក្នុងនោះសិស្សនាយនគរបាល-នាយនរគរបាលរងនៃវគ្គបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី២ ចំនួន១០៣នាក់ និងនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១០ ឆ្នាំទី១ ឆមាសទី១ ចំនួន១៥២នាក់ ដែលបានបំពេញលក្ខខណ្ឌបណ្ដុះបណ្ដាលគ្រប់គ្រាន់ សម្រាប់ការតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ។
នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានថ្លែងថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះគឺជាសក្ខីភាពនៃការអនុវត្តតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តតាមផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។
ឯកឧត្ដមបានបញ្ជាក់បន្ថែមថា បណ្ឌិត្យសភាបាននឹងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ដ៏ត្រឹមត្រូវមួយ ប្រកបគំនិតច្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីការកសាង«វប្បធម៌គុណភាព» និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ការបណ្ដុះបណ្ដាលបានផ្តោតសំខាន់លើជំនាញទន់ ជំនាញរឹង ទ្រឹស្ដី និងការសិក្សាប្រតិបត្តិដើម្បីពង្រឹងជំនាញចិត្តចលនាផ្សេងៗ ស្របនឹងពាក្យស្លោកមួយឃ្លាពោលថា”បើអ្នកបង្ហូរញើសច្រើននៅទីនេះ អ្នកនឹងបង្ហូរឈាមតិចនៅតាមដងផ្លូវ”។ កាលពីលើកមុន វគ្គដំបូងនេះយើងបណ្ដុះបណ្ដាលក្នុងរយៈពេលតែពីរខែកន្លះប៉ុណ្ណាះ។ ប៉ុន្តែដល់ឥឡូវនេះ យើងបានបង្កើនដល់៤ខែ ហើយទៅអនាគតនឹងអាចបង្កើនដល់៦ខែ ដើម្បីឱ្យមន្រ្តីនគរបាលថ្មីរបស់យើង មានសមត្ថភាពវិជ្ជាជីវៈកាន់តែច្បាស់លាស់បន្ថែមទៀត និង សមស្របតាមបទពិសោធន៍នៃប្រទេសនានាផងដែរ។ ការឆ្លងកាត់វគ្គបឋមនេះ គឺជាលក្ខខណ្ឌដែលច្បាប់តម្រូវផង និងជាតម្រូវការចាំបាច់របស់យើងផង ដែលត្រូវការមន្រ្តីនគរបាលមានសមត្ថភាពនិងលក្ខណសម្បត្តិគ្រប់គ្រាន់មកបម្រើការងារ។ ហេតុនេះ បេក្ខជនដែលទើបប្រឡងជាប់ថ្មី ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្ដាលបឋមនេះ ដោយគ្មាននរណាម្នាក់អាចគេចវេសបានជាដាច់ខាត មុនតាំងស៊ប់ក្នុងក្របខណ្ឌមន្រ្តីនគរបាលជាតិ។
នៅទីបញ្ចប់ឯកឧត្ដម បានផ្ដាំផ្ញើដល់សិស្សនគរបាលទាំងអស់ ត្រូវយកចំណេះដឹងនិងជំនាញដែលទទួលបានពីការបណ្ដុះបណ្ដាលទៅប្រើប្រាស់ឱ្យមានប្រយោជន៍ដល់អង្គភាពនិងមនុស្សទូទៅក្នុងសង្គម ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ មានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ មានអាកប្បកិរិយា និងសីលធម៌ល្អ ទាំងក្នុងការងារនិងក្នុងសង្គម ដើម្បីធ្វើខ្លួនឱ្យក្លាយជា ពលរដ្ឋល្អ និងមន្រ្តីនគរបាលល្អ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ លើវិស័យសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ៕