ដំណើការប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រ របស់និស្សិតបរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី៨ ជំនាញគ្រប់គ្រងនិងបញ្ជាដឹកនាំ
ដីឥដ្ឋ ៖ នៅរសៀលថ្ងៃពុធ ទី២៦ ខែមិថុនា គ.ស.២០១៩ នេះ វិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានដំណើរការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាញគ្រប់គ្រងនិងបញ្ជាដឹកនាំ ដល់និស្សិតជំនាន់ទី៨ ដែលមានបេក្ខភាពនិស្សិតសរុបចំនួន៤០នាក់ នារី៤នាក់។
ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អមដំណើរដោយលោកឧត្តមសេនីយ៍ទោ ហ៊ែល ធីរិទ្ធ នាយកវិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ មន្ត្រីតំណាងពីនាយកដ្ឋានធានាគុណភាពផ្ទៃក្នុង(IQA) និងមន្ត្រីតំណាងមកពីមន្ទីរចាត់ការផងដែរនោះ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់កាត់បើកកញ្ចប់វិញ្ញាសាវិទ្យាសាស្រ្តដឹកនាំបញ្ជាកងកម្លាំងនគរបាល ដើម្បីជាសក្ខីភាពនិងបញ្ជាក់ពីភាពត្រឹមត្រូវនៃដំណើរការនៃការប្រព្រឹត្តទៅនៃប្រឡងបញ្ចប់នេះផងដែរ។
លោកឧត្តមសេនីយ៍ទោ ហ៊ែល ធីរិទ្ធ បានបញ្ជាក់ថា កម្មវិធីប្រឡងបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ មានពេលរយៈ៣ថ្ងៃដោយចាប់ថ្ងៃទី២៧ រហូតដល់ថ្ងៃទី២៩ ខែមិថុនា ដោយវិញ្ញាសា មានទ្រឹស្តី និងអនុវត្តជាក់ស្តែង ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សួន ផល្លា បានក្រើនរំឭកឱ្យប្អូនៗនិសិ្សតត្រូវខិតខំប្រឹងប្រែងសរសេរកិច្ចការប្រឡងឱ្យបានត្រឹមត្រូវនិងអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងបញ្ចប់នេះទាំងអស់គ្នា៕
អត្ថបទនិងរូបថត ៖ វិទ្យាស្ថានគ្រប់គ្រងនិងបញ្ជាដឹកនាំ