និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី៧និងជំនាន់ទី៨ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ប្រឡងបញ្ចប់មុខវិជ្ជាសិក្សារបស់ខ្លួន
ដីឥដ្ឋ ៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា គ.ស.២០១៩ វិទ្យាស្ថានក្រោយបរិញ្ញាបត្រនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជាសិក្សាក្នុងឆមាសទី១ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី៧ ឆ្នាំទី២ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាលជំនាន់ទី៨ ឆមាសទី១ ឆ្នាំទី១ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់អញ្ជើញកាត់បើកកញ្ចប់វិញ្ញាសាពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យ អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានគណៈកម្មការប្រឡង រួមជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ចាន់ថុល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ឯក ផន សុភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តមប្រធានគណៈកម្មការប្រឡងបានថ្លែងបញ្ជាក់ថា កម្មវិធីប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាលជំនាន់ទី៧ ត្រីមាសទី២នៃឆមាសទី១ ឆ្នាំទី២ ជំនាញនគរបាលយុត្តិធម៌ ត្រូវប្រឡងលើមុខវិជ្ជា ដូចជា ៖
- ពេលព្រឹក ៖ ប្រឡងមុខវិជ្ជាការប្រឆាំងបទល្មើសព្រហ្មទណ្ឌ ជំនាញគ្រប់គ្រងនិងបញ្ជាដឹកនាំ និងមុខវិជ្ជា ការគ្រប់គ្រងនិងដឹកនាំបញ្ជាកិច្ចការនគរបាល
- ពេលរសៀល ៖ ប្រឡងមុខវិជ្ជាការប្រយុទ្ធប្រឆាំងបទល្មើសជួញដូរមនុស្សនិងជំនាញគ្រប់គ្រងបញ្ជាដឹកនាំ និងមុខវិជ្ជាការគ្រប់គ្រងសាធារណៈ
ឯកម្មវិធីប្រឡងសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ វិទ្យាសាស្រ្តនគរបាល ជំនាន់ទី៨ ត្រីមាសទី២នៃឆមាសទី១ ឆ្នាំទី១ ជំនាញនគរបាលយុត្តិធម៌ ត្រូវប្រឡងលើមុខវិជ្ជា ដូចជា ៖
- ពេលព្រឹក ៖ ប្រឡងមុខវិជ្ជាវិភាគទិន្នន័យព័ត៌មាន ជំនាញគ្រប់គ្រងនិងបញ្ជាដឹកនាំ និងមុខវិជ្ជាសន្តិសុខមិនប្រពៃណីក្នុងកិច្ចការនគរបាល
- ពេលរសៀល ៖ ប្រឡងមុខវិជ្ជាកិច្ចការរដ្ឋបាល ជំនាញគ្រប់គ្រងបញ្ជាដឹកនាំ និងមុខវិជ្ជា ការគ្រប់គ្រងធនធានមនុស្ស
ក្នុងឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មការប្រឡង បានធ្វើការណែនាំឱ្យនិស្សិតទាំងអស់ត្រូវគោរពតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡងនិងយកចិត្តទុកដាក់ក្នុងការសរសេរសន្លឹកកិច្ចការឱ្យបានច្បាស់លាស់និងត្រឹមត្រូវ ដើម្បីទទួលបានលទ្ធផលជោគជ័យសម្រាប់ការប្រឡងពេលនេះ។
សូមបញ្ជាក់ថា និស្សិតសរុបដែលបានចូលរួមប្រឡងនៅថ្ងៃនេះមានចំនួន ១០៥នាក់ នារី១៣នាក់៕
អត្ថបទនិងរូបភាព ៖ វិទ្យាស្ថានក្រោយបរិញ្ញាបត្រ