ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ចុះសំណេះសំណាលជាមួយសិស្សនគរបាលនៅសាលានគរបាលភូមិភាគ២ ចំនួន១៤២នាក់ ក្នុងខេត្តកំពង់ចាម
បន្ទាប់ពីបានបញ្ចប់ពិធីសំណេះសំណាលជាមួយសិស្សនៅសាលានគរបាលភូមិភាគ៦ នៅពេលព្រឹក គឺនៅរសៀលថ្ងៃទី២ ដដែលនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខអំពីស្ថានភាពរស់នៅនិងស្ថានភាពសិក្សា ហ្វឹកហាត់របស់សិស្សនាយនគរបាល-នាយនគរបាលរងនៃវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៣ លើកទី៣ ចំនួន១៤២នាក់ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម។
ក្នុងពិធីនោះ ឯកឧត្តមបានថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងតាមផែនការអភិវឌ្ឍធនធានមនុស្សនិងផែនការជ្រើសរើសមន្ត្រីនគរបាលបន្តវេនប្រចាំឆ្នាំរបស់ ក្រសួងមហាផ្ទៃ ដើម្បីធានាបាននូវនិរន្តរភាពការងារ ទាំងក្នុងរដ្ឋបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ម្យ៉ាងទៀត ផ្អែកតាមព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា បេក្ខជនប្រឡងជាប់ក្នុងក្របខណ្ឌថ្មីទាំងអស់ ត្រូវតែឆ្លងកាត់វគ្គបណ្ដុះបណ្ដាលបឋមជាចាំបាច់។ក្នុងរយៈ ពេលសិក្សានេះ ប្អូនៗមិនទាន់ក្លាយជាមន្ត្រីនគរបាលពេញសិទ្ធិនៅឡើយទេ គឺជាសិស្សនគរបាលតែប៉ុណ្ណោះ។ ក្នុងន័យនេះ លុះត្រាតែប្អូនៗទទួលបានជោគជ័យក្នុងការសិក្សារយៈពេល៤ខែនេះ ទើបត្រូវតាំងស៊ប់ក្នុងក្របខណ្ឌនគរបាលជាតិបាន។
ឯកឧត្តមបានគូសបញ្ជាក់ថា ជាទូទៅទាំងក្នុងក្របខណ្ឌជាតិនិងអន្តរជាតិ សាលាបណ្ដុះបណ្ដាលកងកម្លាំង តែងតែមានវិន័យតឹងតែងដែលតម្រូវឱ្យប្អូនៗទាំងអស់ត្រូវតែខិតខំអត់ធ្មត់ សម្របខ្លួន កែប្រែទម្លាប់រស់នៅនិងអត្តចរិតពីស្ថានភាពជនស៊ីវិលមកកងកម្លាំង ព្រមទាំងតម្រូវឱ្យធ្វើការហ្វឹកហាត់យ៉ាងសកម្មនិងស្វិតស្វាញ ដើម្បីក្លាយខ្លួនជាមន្រ្តីនគរបាលដែលមានលក្ខណសម្បត្តិសមស្រប ក្នុងការបម្រើជាតិនិងប្រជាពលរដ្ឋ។ ហេតុនេះប្អូនៗមិនត្រូវត្អូញត្អែរនិងទន់ជ្រាយនោះទេ។
ឯកឧត្ដមបានបន្ថែមថា ការបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភា បានផ្ដោតសំខាន់លើគុណភាព ទាំងជំនាញរឹងនិងជំនាញទន់។ ដូចនេះ បណ្ឌិត្យសភាបានខិតខំអភិវឌ្ឍទាំងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ដោយបានដាក់ចេញនូវបទប្បញ្ញត្តិ ផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងកម្មវិធីកំណែទម្រង់ច្បាស់លាស់ប្រកបដោយគំនិតច្នៃប្រតិដ្ឋនិងនវានុវត្តន៍ ដើម្បីកសាងវប្បធម៌គុណភាពស្របតាមស្តង់ដាជាតិនិងអន្តរជាតិ ព្រមទាំងលើកកិត្យានុភាពនិងឧត្ដមភាពដែលអាចប្រៀបធៀបជាមួយស្ថាប័បណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសនានា។
នៅទីបញ្ចប់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ប្រធាន បានណែនាំដល់គណៈគ្រប់គ្រងសាលានគរបាលជាតិភូមិភាគ២ បន្តយកចិត្តទុកដាក់លើការងារគ្រប់គ្រង ដោយផ្អែកលើបទបញ្ញត្តិនានា ផែនការ កម្មវិធីអប់រំ និងមតិណែនាំរបស់ថ្នាក់លើ គួបផ្សំនឹងការចេះច្នៃប្រតិដ្ឋ ចេះបត់បែនតាមស្ថានភាពការងារជាក់ស្ដែងនិងបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងល្អ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារនិងគុណភាពអប់រំ។
ជាមួយគ្នានោះដែរ ឯកឧត្ដមបានណែនាំដល់សិស្សនគរបាលទាំងអស់ បន្តយកចិត្តទុកដាក់គោរពវិន័យនិងខិតខំសិក្សារៀនសូត្រឱ្យបានជោគជ័យនិងត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯង ដោយប្រកាន់យកទស្សនៈរៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ ដើម្បីធ្វើខ្លួនឱ្យក្លាយជាមន្រ្តីនគរបាលល្អមានសមត្ថភាពវិជ្ជាជីវៈក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ លើវិស័យសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ៕
អត្ថបទនិងរូបភាព ÷ នាយកដ្ឋានបណ្តុះបណ្តាល