ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យរង ឈួន សុផេង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងអង្គការKOICA
ឆ្លើយតបតាមសំណើរបស់អង្គការ KOICA ប្រចាំកម្ពុជា និងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តម ឈួន សុផេង បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយតំណាងអង្គការKOICA ដែលមានលោក លី សាំងម៉ាន់ ជាមន្ត្រីទទួលបន្ទុកកិច្ចការសម្របសម្រួលកម្មវិធីអ្នកស្មគ្រចិត្តនៃអង្គការKOICA ប្រចាំកម្ពុជា។
សមាសភាពដែលចូលរួមក្នុងជំនួបនោះ រួមមាន ៖
១. ឧត្តមសេនីយ៍ឯក សាស្រ្តាចារ្យរង ឈួន សុផេង
២. ឧត្តមសេនីយ៍ឯក ហាក់ គឹមរ៉ុង ប្រធានមន្ទីរចាត់ការនៃបណ្ឌិត្យសភានគរបាលកម្ពុជា
៣. ឧត្តមសេនីយ៍ត្រី អ៊ុក ទិត ប្រធានអាសនៈក្បាច់គុន
៤. វរសេនីយ៍ឯក ធាន ធូណេង នាយការិយាល័យពិធីការនិងទំនាក់ទំនង
រីឯភាគីអង្គការKOICA ដឹកនាំដោយលោក លី សាំងម៉ាន់។
គោលបំណងនៃជំនួបនេះ គឺដើម្បីសិក្សាអំពីតម្រូវការចាំបាច់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ជាពិសេសទាក់ទងនឹងការហ្វឹកហ្វឺនក្បាច់គុនតេក្វាន់ដូ ដល់មន្ត្រីនគរបាលជាតិ ។
បន្ទាប់ពីបានរៀបរាប់ជូនភ្ញៀវអំពីការរីកចម្រើនលើវិស័យមួយចំនួន និងដោយឡែកអំពីកម្មវិធីហ្វឹកហ្វឺនក្បាច់គុនតេក្វាន់ដូ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមក៏បានលើកឡើងអំពីការខ្វះខាតមួយចំនួនដែលជាសំណូមពរ ឲ្យភាគីអង្គការជួយរកជំនួយពីសប្បុរសជនមានដូចខាងក្រោម ៖
• ស្នើសុំឲ្យជួយកសាងបណ្ណាល័យមួយ
• ស្នើសុំឲ្យជួយបណ្តុះបណ្តាលគ្រូក្បាច់គុនតេក្វាន់ដូនិងហាប់គីដូ
• ស្នើសុំសម្ភារបម្រើឱ្យការហ្វឹកហាត់ក្បាច់គុន
• ស្នើសុំខ្សែពួរនិងគ្រឿងក្រវាត់សុវត្ថិភាព សម្រាប់ការហ្វឹកហាត់អន្តរាគមន៍នៅអគារខ្ពស់ ។
បន្ទាប់មក ភាគីKOICA បានស្វាគមន៍ និងបង្ហើបឱ្យដឹងថា ដើម្បីទទួលបានជំនួយនេះ អ្វីដែលត្រូវបន្តគឺ បនក ត្រូវបំពេញទម្រង់បែបបទស្នើសុំជាផ្លូវការ ហើយKOICA នឹងបញ្ជូនសំណើនេះ ទៅកាន់ក្រុមអ្នកស្មគ្រចិត្តកូរ៉េ ដើម្បីពិនិត្យតាមលទ្ធភាពជាក់ស្តែង។ ចំពោះពាក្យស្នើសុំនេះ KOICA នឹងផ្ញើមកតាមរយៈការិយាល័យពិធីការ និងទំនាក់ទំនង ។