បណ្ឌិត្យសភានគរបាលកម្ពុជា បើកវគ្គថ្មីថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ និងវគ្គសុក្រឹតការ ថ្នាក់ដឹកនាំមន្ត្រីពន្ធនាគារ ជំនាន់ទី៥
ដីឥដ្ឋ ៖ នៅរសៀលថ្ងៃទី១០ ខែកក្កដា គ.ស.២០១៩ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំពិធីបើកវគ្គសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ និងវគ្គសុក្រឹតការ ថ្នាក់ដឹកនាំមន្ត្រីពន្ធនាគារ ជំនាន់ទី៥ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សុន វុឌ្ឍី អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងដំណើរការបើកវគ្គនោះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលជាតិនៃមជ្ឈមណ្ឌល គ្រូនគរបាលជាតិ តំណាងអគ្គនាយកដ្ឋានពន្ធនាគារ និងតំណាងអង្គភាពចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ឈឹម ថាណាវណ្ណ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ បានឱ្យអង្គពិធីដឹងអំពីវគ្គសិក្សានេះដូចខាងក្រោម ៖
– វគ្គថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ មាននិសិ្សតចំនួន៤០នាក់ នារី៣នាក់ សិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានចាត់បញ្ជូនពី២៣អង្គភាព ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ។
– វគ្គសុក្រឹតការថ្នាក់ដឹកនាំមន្ត្រីពន្ធនាគារ ជំនាន់ទី៥ មានសិក្ខាកាមចំនួន៥០នាក់ នារី៤នាក់ សិក្សារយៈពេល២ខែ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានចាត់បញ្ជូនមកពី៣២អង្គភាព ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ប្រធានគណៈអធិបតី បានធ្វើការណែនាំនិងដាក់ទិសដៅដល់និសិ្សតនិងសិក្ខាកាម ដើម្បីឱ្យវគ្គសិក្សា ប្រព្រឹត្តទៅដោយរលូន មានប្រសិទ្ធភាព ទទួលបានជោគជ័យ និងសម្រេចបាន តាមគោលបំណងដែលកំណត់ ចំនួន៥ចំណុច ដូចតទៅនេះ ៖
១- និសិ្សតនិងសិក្ខាកាមត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដោយធ្វើការសិក្សាទាំងទ្រឹស្តីនិងការអនុវត្តជាក់ស្តែង
២- និសិ្សតនិងសិក្ខាកាមត្រូវមានវត្តមានគ្រប់ពេលសិក្សា ពេលប្រជុំជួរ និងគោរពវិន័យឱ្យបានខ្ជាប់ខ្ជួនទាំងវិន័យពេលសិក្សា វិន័យពេលប្រឡង ការស្នាក់នៅ ការស្លៀកពាក់ ការកាត់សក់ ការគោរពគំនាប់ ការបើកបរយានយន្តជាដើម និងហាមដាច់ខាតចំពោះការប្រព្រឹត្តសកម្មភាពខុសច្បាប់នានា ទាំងក្នុងនិងក្រៅបរិវេណបណ្ឌិត្យសភានគរបាលកម្ពុជា
៣- ត្រូវគោរពឱ្យបានដាច់ខាតនូវរាល់បទបញ្ញត្តិនានា ដែលមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់និស្សិតនិងសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា
៤- ត្រូវប្រកាន់ខ្ជាប់នូវទស្សនៈរៀនឱ្យចេះ មិនមែនរៀនឱ្យចប់នោះទេ និង
៥- និសិ្សតនិងសិក្ខាកាមគ្រប់រូបត្រូវចូលរួមវាយតម្លៃលើមុខវិជ្ជាសិក្សា មេរៀន សិក្សា និងដំណើរការបណ្តុះបណ្តាល និងផ្តល់យោបល់ ឬលើកជាសំណូមពរនានា នៅពេលបញ្ចប់វគ្គសិក្សា។
អត្ថបទនិងរូបភាព ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមន្ត្រីពន្ធនាគារ