ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិអញ្ជើញជាវាគ្មិនកិត្ដិយស ធ្វើបាឋកថាចែករំលែកបទពិសោធន៍ នៅបណ្ឌិត្យសភានគរបាលកម្ពុជា
នាព្រឹកថ្ងែទី១៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នគរបាលជាតិ បានអញ្ជើញជាវាគ្មិនកិត្ដិយសធ្វើបាឋកថា ចែករំលែកចំណេះដឹង និងបទពិសោធន៍ លើប្រធានបទស្តីពី “ការវិវត្តនៃសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ន”ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានសម្ដែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ និងថ្លែងអំណរគុណចំពោះវត្តមានរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ព្រមទាំងបានលើកឡើងអំពីវឌ្ឍនភាព កម្មវិធីកំណែទម្រង់ និងការងារបណ្ដុះបណ្ដាល ដែលបណ្ឌិត្យសភាស ម្រេចបានជោគជ័យជាបន្តបន្ទាប់ ។
ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងនូវការកោតសរសើរដោយ ស្មោះចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ទាំងផ្នែករឹង និងផ្នែកទន់ ជាពិសេស លើការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ការបំពាក់សម្ភារៈសិក្សានានា និងគុណភាពនៃការបណ្ដុះបណ្ដាលកាន់តែប្រសើរឡើង ក្នុងការផ្ដល់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈ ដល់នគរបាលជាតិកម្ពុជាយើងទាំងមូល ឱ្យមានសមត្ថភាពបំពេញ ការងារទទួលបានជោគជ័យតាមជំនាញរៀងៗខ្លួន ។
នៅចុងបញ្ចប់ ឯកឧត្ដម សេង ផល្លី បានថ្លែងអំណរគុណចំពោះបទបាឋកថារបស់ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ដែលមានអត្ថន័យនិងខ្លឹមសារយ៉ាងល្អ ឆ្លុះបញ្ចាំងអំពីសមត្ថភាព និងបទពិសោធន៍ជាក់ស្ដែងរបស់ឯកឧត្ដមសន្តិបណ្ឌិត ក្នុងការដឹកនាំបញ្ជាកងកម្លាំងទាក់ទងនឹងសភាពការណ៍សន្តិសុខនាពេលបច្ចុប្បន្ននេះ។ បទបាឋកថានេះក៏បានផ្ដល់នូវអត្ថប្រយោជន៍ដ៏មានតម្លៃណាស់សម្រាប់ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាមទាំងអស់ ដើម្បីពង្រីកចំណេះដឹងបន្ថែមទៀតក្នុងការអនុវត្តការងារជាក់ស្ដែង ការបង្ហាត់បង្រៀន និងក្នុងការសិក្សា ។
ក្នុងការអញ្ជើញមកធ្វើបាឋកថា ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានផ្ដួចផ្ដើមគំនិត និងជួយឧបត្ថម្ភទាំងស្រុងក្នុងការបង្កើតឱ្យមានកម្មវិធីពិសាបាយសាមគ្គីរួមគ្នា ជាប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ៕