បណ្ឌិត្យសភានគរបាលកម្ពុជា ផ្សព្វផ្សាយអំពីឯកសណ្ឋានថ្មី សម្រាប់និស្សិតនិងសិស្ស
ដីឥដ្ឋ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអំពីការប្រើឯកសណ្ឋានថ្មី សម្រាប់និស្សិតនាយនគរបាលនិងសិស្សនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានបណ្ឌិត្យសភា បានលើកឡើងថា ការបង្កើតឯកសណ្ឋានថ្មីនេះ ត្រូវបានអនុញ្ញាតឱ្យប្រើជាផ្លូវការដោយប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលជាសមិទ្ធផលនៃកំណែទម្រង់និងគំនិតនវានុត្តន៍របស់បណ្ឌិត្យសភា ពីព្រោះអ្នកសិក្សាជំនាន់មុនៗនេះ មិនមានប្រើឯកសណ្ឋានបែបនេះទេ។ ការបង្កើតឯកសណ្ឋានថ្មីនេះ ត្រូវចំណាយពេលជិត២ឆ្នាំ ដោយត្រូវធ្វើការស្រាវជ្រាវដកស្រង់បទពិសោធពីអន្តរជាតិ ហើយដំណើរការរៀបចំក៏ជួបការលំបាកនិងឧបសគ្គជាច្រើនផងដែរ។
ឯកឧត្ដម ប្រធាន បានថ្លែងបញ្ជាក់អំពីគោលបំណងនៃការបង្កើតឯកសណ្ឋានថ្មីនេះ ថា៖
១- ដើម្បីកំណត់អត្តសញ្ញាណនិងពង្រឹងវិន័យអ្នកសិក្សា ព្រមទាំងមានភាពងាយស្រួលក្នុងការគ្រប់គ្រង។
២- ដើម្បីលើកកម្ពស់កិត្យានុភាព ឧត្ដមភាព របស់បណ្ឌិត្យសភា និងអាចប្រៀបធៀបបានជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនគរបាលនៃប្រទេសនានាក្នុងក្របខណ្ឌអាស៊ាននិងតំបន់ ដែលស្ថាប័នទាំងនោះបាននិងកំពុងអនុវត្តរបៀបនេះដែរ
៣- ដើម្បីឲ្យស្របនឹងទិដ្ឋភាពច្បាប់និងឱ្យមានការឯកភាពគ្នាក្នុងការប្រើឯកសណ្ឋានសម្រាប់និស្សិតនាយនគរបាលបន្តវេន និងសិស្សនគរបាល ចាប់ពីឆ្នាំ២០២០នេះតទៅ។
ឯកឧត្ដមបានបន្ថែមថា ឯកសណ្ឋាននីមួយៗ មានលក្ខណៈ ទម្រង់ ស្រដៀងនឹងឯកសណ្ឋាននគរបាលដែរ តែប្លែកនៅលើពណ៌មួក សញ្ញាលើស្មា ផ្លាកសញ្ញានានា។ ចំពោះមួក និងសញ្ញាលើស្មា មានពណ៌ដូចគ្នា ដែលមានអត្ថន័យសម្គាល់ដូចខាងក្រោម ៖
- ពណ៌ក្រហម
សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី២ - ពណ៌ត្នោត
សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំទី១ - ពណ៌ខៀវ
សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៤ - ពណ៌ស្វាយ
សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី៣ - ពណ៌បៃតង
សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី២ - ពណ៌ទឹកក្រូច
សម្គាល់និស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី១ - ពណ៌លឿង
សម្គាល់សិស្សនគរបាលជាតិ ។ នៅទីបញ្ចប់ ឯកឧត្តមប្រធាន បានណែនាំដល់ប្អូនៗនិស្សិតនាយនគរបាលទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ ហ្វឹកហាត់ និងគោរពវិន័យឱ្យបានលល្អ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា និងក្លាយខ្លួនជាបមន្រ្តីនគរបាលបន្តវេនដែលមានសមត្ថភាពវិជ្ជាជីវៈសមស្រប និងសីលធម៌ល្អ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ៕
អត្ថបទនិងរូបភាព ៖ មន្ទីរចាត់ការ