បណ្ឌិត្យសភានគរបាលកម្ពុជាត្រូវបានទទួលស្គាល់ថាមានគុណភាពបណ្តុះបណ្តាលល្អ
ដើម្បីឆ្លុះបញ្ចាំង អំពីការកែទម្រង់ វឌ្ឍនភាព និងគុណភាពអប់រំ ដែលជានិច្ចជាកាលមានការយកចិត្តទុកដាក់ខ្ពស់និងមានការជួយឧបត្ថម្ភគាំទ្រយ៉ាងសកម្មពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានស្នើសុំគណៈកម្មាធិការទទួលស្គាល់ គុណភាពអប់រំនៃកម្ពុជា ដើម្បីចុះវាយតម្លៃផ្ដល់ការទទួលស្គាល់គុណភាពអប់រំ នាខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។
ការវាយតម្លៃនេះ ផ្អែកលើស្តង់ដាជាតិទាំង៩ សម្រាប់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សាទាំងមូល ដែលទាក់ទងទៅនឹងការដឹកនាំគ្រប់គ្រង ការរៀបចំផែនការយុទ្ធសាស្ត្រ ការអភិវឌ្ឍកម្មវិធីអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូនិងមន្រ្តី ការអភិវឌ្ឍធនធានសិក្សានិងធនធានរូបវន្ត ការផ្តល់សេវាដល់អ្នកសិក្សា និងការរៀបចំប្រព័ន្ធធានាគុណភាពអប់រំ។
ជាលទ្ធផលនៃការវាយតម្លៃនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលបាន ការទទួលស្គាល់គុណភាព អប់រំពេញសិទ្ធិ សម្រាប់រយៈ៥ឆ្នាំ (២០១៩-២០២៣) លើកទី១ ដែលជាលទ្ធផលកម្រិតខ្ពស់បំផុតនៃការវាយតម្លៃរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា។
លទ្ធផលវាយតម្លៃនេះ ជាសក្ខីភាពបង្ហាញអំពីកម្រិតនៃគុណភាពអប់រំ និងវឌ្ឍនភាពរបស់បណ្ឌិត្យសភា ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានផ្ដល់ការគាំទ្រឧបត្ថម្ភជារៀងរហូតមក ព្រមទាំងមានការខិតខំប្រឹងប្រែងពុះពារពី ថ្នាក់ដឹកនាំគ្រប់កម្រិត គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។ ម្យ៉ាងទៀត លទ្ធផលនេះបានបង្ហាញអំពីកិត្យានុភាព ឧត្តមភាព និងការជឿទុកចិត្តមកលើបណ្ឌិត្យសភានគរបាលកម្ពុជា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៕