ក្រុមការងារសរសេរសៀវភៅ”ការគ្រប់គ្រងមន្ត្រីនគរបាលជាតិកម្ពុជា” ប្រជុំកែសម្រួលជំពូក ស្តីពីការបាត់បង់សមត្ថភាពវិជ្ជាជីវៈនិងការផ្តល់អត្ថប្រយោជន៍នៅពេលមរណភាពរបស់មន្រ្តីនគរបាលជាតិ
ដីឥដ្ឋ : នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារសរសេរសៀវភៅស្តីពីការគ្រប់គ្រងមន្ត្រីនគរបាលជាតិកម្ពុជា បានបើកកិច្ចប្រជុំ ដើម្បីកែសម្រួលជំពូក ស្តីពីការបាត់បង់សមត្ថភាពវិជ្ជាជីវ:និងអត្ថប្រយោជន៍នៅពេលមរណភាពរបស់មន្ត្រីនគរបាលជាតិ ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ស៊ូ សុផាន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមការងារ។ ក្នុងឱកាសនោះ អង្គប្រជុំបានដំណើរការពិនិត្យកែសម្រួលលើជំពូកស្ដីពី “ការបាត់បង់សមត្ថភាពវិជ្ជាជីវៈនិងការផ្តល់អត្ថប្រយោជន៍នៅពេលមរណភាពរបស់មន្រ្តីនគរបាលជាតិ” ដែលជំពូកនេះ ត្រូវបានដឹកនាំសរសេរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ែន ចាន់ថុល ជាប្រធានក្រុមការងារ ទទួលរៀបចំស្រាវជ្រាវខ្លឹមសារលើផ្នែកនេះ។ បន្ទាប់ពីបានពិនិត្យខ្លឹមសារយ៉ាងយកចិត្តទុកដាក់ ឯកឧត្តម ស៊ូ សុផាន ជាប្រធានអង្គប្រជុំបានធ្វើការកែសម្រួលខ្លឹមសារមួយចំនួន ដើម្បីឲ្យមានភាពត្រឹមត្រូវនិងឱ្យស្របតាមទិដ្ខភាពច្បាប់និងបទពិសោធនជាក់ស្ដែង។ ជាចុងបញ្ចប់ ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំនូវកិច្ចការមួយចំនួន ដូចខាងក្រោម៖
១- ត្រូវប្រុងប្រយត្នគ្រប់ឃ្លា គ្រប់ល្បះក្នុងការសរសេរ ដូចជាអក្ខរាវិរុទ្ធ ទម្រង់ វេយ្យាករណ៍ ជាដើម។
២- ត្រូវយកឯកសារនេះទៅត្រួតពិនិត្យឱ្យបានច្បាស់លាស់ឡើងវិញ ដើម្បីឲ្យខ្លឺមសារដែលមិនទាន់កែសម្រួល ស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
៣- ក្រុមការងារនេះត្រូវបញ្ចប់ការសរសេរនេះ ដោយទទួលបានលទ្ធផលល្អប្រសើរ៕
អត្ថបទនិងរូបភាព : ក្រុមការងារសរសេរសៀវភៅស្តីពីការគ្រប់គ្រងមន្ត្រីនគរបាលជាតិកម្ពុជា