ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំដឹកនាំគណៈប្រតិភូមកពីអគ្គនាយកដ្ឋានកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ ស្វាយរៀង ធ្វើទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំដឹកនាំគណៈប្រតិភូមកពីអគ្គនាយកដ្ឋានកីឡា សាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យជាតិមានជ័យ សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងសាកលវិទ្យាល័យ ស្វាយរៀង ធ្វើទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាល កម្ពុជា បានសម្ដែងនូវមោទនភាពនិងទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានផ្ដល់កិត្តិយសនិងឱ្យតម្លៃដល់បណ្ឌិត្យសភានគរបាលកម្ពុជាអញ្ជើញមកធ្វើទស្សកិច្ច ដើម្បីស្វែងយល់និងដកស្រង់ បទពិសោធល្អៗលើការងារដឹកនាំគ្រប់គ្រងនិងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការធ្វើបទបង្ហាញនិងការចុះ ពិនិត្យជាក់ស្ដែង។ ឯកឧត្តមបានបញ្ជាក់ថា វឌ្ឍនភាពយ៉ាងខ្លាំងរបស់បណ្ឌិត្យសភានគរបាលកម្ពុជានាពេលបច្ចុប្បន្ននេះ ដោយសារតែមានការឧបត្ថម្ភគាំទ្រទាំងថវិកា និងសម្ភារៈពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ការដឹកនាំបញ្ជាដោយផ្ទាល់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្រ្តីទាំងអស់របស់បណ្ឌិត្យសភា ព្រមទាំងការជួយឧបត្ថម្ភពីសប្បរសជននានាផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមសាកលវិទ្យាធិការនិងតំណាងសាកលវិទ្យាល័យទាំង៥ ព្រមទាំងគណៈប្រតិភូទាំងអស់ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីទទួលបានចំណេះដឹងនិងបទពិសោធល្អៗអំពីការងារគ្រប់គ្រងទូទៅនិងការងារបណ្ដុះបណ្ដាល ព្រមទាំងបានថ្លែងកោតសសើរអំពីការរីកចម្រើនរបស់បណ្ឌិត្យសភា ដែលបានក្លាយជាអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងមួយមានលក្ខណសម្បត្តិសមស្របអាចប្រៀបធៀបជាមួយស្ថាប័នបណ្ដុះបណ្ដាលកងកម្លាំងនៃប្រទេសជឿនលឿននានា។
ក្នុងដំណើរទស្សកិច្ចនោះដែរ ឯកឧត្ដម ស សុខា និង លោកជំទាវ កែ សួនសុភី បានផ្ដល់កិត្ដិយសអញ្ជើញចូលរួមពិសារអារហារសាមគ្គីជាមួយគណៈប្រតិភូទាំងអស់ប្រកបដោយភាពស្និតស្នាល និងសប្បាយរីករាយ ក្រៃលែង។ ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ចាត់ទុកថាដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលបង្ហាញអំពីចំណងមិត្តភាពនិងកិច្ចសហការល្អរវាងបណ្ឌិត្យសភា ជាមួយក្រសួងអបរំ យុវជន និងកីឡា និង សាកលវិទ្យាល័យទាំង៥ ព្រមទាំងបានធ្វើការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់បណ្ឌិត្យសភាលើគ្រប់ផ្នែក ដែលជាកត្តាធ្វើឱ្យស្ថាប័ននេះមានកិត្យានុភាព ឧត្តមភាព និងការជឿជាក់ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ៕