ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍វត្ដមាន ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នារសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍វត្ដមាន ឯកឧត្ដម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក លី ស៊ាងម៉ិញ (Li Xiang Ming) នាយសេនានុព័ន្ធនគរបាលនៃស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ជាប្រធានគណៈអធិបតី ក្នុងពិធីបើកនិងបិទវេទិកាប្រធានបណ្ឌិត្យសភានគរបាលអាស៊ាន-ចិននិងប្រទេសជិតខាង លើកទី៤ និងកិច្ចប្រជុំតុមូល ស្ដីពីការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ដែលកម្ពុជាបានធ្វើម្ចាស់ផ្ទះជាលើកទី១ នៅសណ្ឋាគារ HYATT Regency រាជធានីភ្នំពេញ ក្រោមការជួយឧបត្ថម្ភ និងគាំទ្រដោយក្រសួងសន្តិសុខសាធារណៈចិន និងកិច្ចសហការរៀបចំជាមួយមហាវិទ្យាល័យនគរបាលខេត្តយូណាន ប្រទេសចិន។
វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការជួយគ្នានិងធ្វើការរួមគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក-ការកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការស្តីពីអភិបាលកិច្ចសន្តិសុខព្រំដែនក្នុងយុគសម័យក្រោយជំងឺរាតត្បាតសកល» ដែលមានសមាសភាពចូលរួមផ្ទាល់ និងតាមអនឡាញ សរុបចំនួនជាង១៦០នាក់ មកពីស្ថាប័នបណ្ដុះបណ្ដាលមន្ត្រីអនុវត្តច្បាប់ចំនួន១៤ ក្នុងចំណោម១១ប្រទេស រួមមាន កម្ពុជា ចិន ព្រុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ វៀតណាម នេប៉ាល់ និងប្រទេសស្រីលង្កា ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុងនិងម៉ាកាវនៃប្រទេសចិន៕