ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលបដិសណ្ឋារកិច្ចនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ ព្រមទាំងបាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងគ្រូនគរបាលនៃបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ
នារសៀលថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ី ជែយ៉ុង ប្រធានបណ្ឌិត្យសភានគរបាលកណ្តាលនៃសាធារណេរដ្ឋកូរ៉េ បានដឹកនាំគណៈប្រតិភូអញ្ជើញមកទស្សនកិច្ចបណ្ឌិត្យសភា នគរបាលកម្ពុជាដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងស្ថាប័នទាំង២ទាក់ទងនឹងការងារបណ្ដុះបណ្ដាលកងកម្លាំងនិងគ្រូនគរបាលជាតិ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលបដិសណ្ឋារកិច្ចនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ ព្រមទាំងបាន បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនិងគ្រូនគរបាលនៃបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ ដែលបានគាំទ្រ និងធ្វើកិច្ចសហការល្អជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ស្របតាមខ្លឹមសារអនុស្សរណៈយោគយល់គ្នាដែល បានកំណត់។ កន្លងមក តាមរយៈការបណ្តុះបណ្តាលរបស់ភាគីកូរ៉េ គ្រូនគរបាលកម្ពុជាបានទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើន ដោយបានទទួលបាននូវចំណេះដឹងនិងជំនាញខាងផ្នែកក្បាច់គុន ព្រមទាំងបង្កើតបានជាសៀវភៅគោលលើមុខវិជ្ជាបច្ចេកទេសចាប់ខ្លួនជនល្មើស ដើម្បីជាមូលដ្ឋាននៃការបង្ហាត់បង្រៀនដល់កងកម្លាំងនគរបាលកម្ពុជាគ្រប់ជំនាន់។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ី ជែយ៉ុង ប្រធានគណៈប្រតិភូបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការទទួលបដិសណ្ឋារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាសក្ខីភាពនៃការរិតចំណងមិត្ត ភាពនិងការធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងបណ្ឌិត្យសភានគរបាលទាំង២យ៉ាងរឹងមាំនិងយូរអង្វែង។ ជាមួយគ្នានេះដែរឯកឧត្តមប្រធានគណៈប្រតិភូ បានថ្លែងកោតសរសើរផងដែរចំពោះវឌ្ឍនភាពរបស់បណ្ឌិត្យសភាលើគ្រប់ផ្នែកនាពេលបច្ចុប្បន្ននេះ ដើម្បីគាំទ្រដល់ការបណ្ដុះបណ្ដាលកងកម្លាំងនគរបាល ប្រកបដោយគុណភាពនិងសមត្ថភាពវិជ្ជាជីវៈពិតប្រាកដ។
បន្ថែមលើនេះ ក្នុងដំណើរទស្សនកិច្ចនេះដែរ ប្រធានបណ្ឌិត្យសភានគរបាលទាំងពីរបានហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាលើកទី២ រវាងស្ថាប័ននិងស្ថាប័នជាលក្ខណៈអន្តរជាតិ ស្តីពី «កិច្ចសហប្រត្តិ បត្តិការនិងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងបណ្ឌិត្យសភានគរបាលកណ្តាលកូរ៉េ និងបណ្ឌិត្យសភានគរបាល កម្ពុជា»។
ការចុះអនុស្សរណៈយោគយល់គ្នានេះមានគោលបំណងដើម្បីលើកកម្ពស់កាលានុវត្តភាពផ្នែកសិក្សាធិការ វប្បធម៌ និងកាលានុវត្តភាពផ្សេងៗទៀត ក្នុងការងារអប់រំនិងបណ្តុះបណ្តាលមន្រ្តីនគរបាលជ្រើសរើសថ្មី ការងារស្រាវជ្រាវ និង ការបណ្តុះបណ្តាលរួមគ្នា តាមរយៈការផ្លាស់ប្តូរ និស្សិត សាស្រ្តាចារ្យ និងថ្នាក់ដឹកនាំនៃភាគីទាំងពីរ ដែលជាការរួមចំណែកក្នុងការធានាបន្ថែមទៀត នូវសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានប្ដេជ្ញាអនុវត្តខ្លឹមសារអនុស្សរណៈថ្មីនេះប្រកបដោយប្រសិទ្ធភាព ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិទ្វេភាគីដ៏ល្អបន្ថែមទៀតរវាងបណ្ឌិត្យសភានគរបាលទាំងពីរ សម្រាប់ថ្ងៃអនាគត ក្នុងគោលបំណងផ្លាស់ប្ដូរបទពិសោធនិងផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងការងារបណ្តុះបណ្ដាលកងកម្លាំងនគរបាល និង គ្រូបង្គោលលើជំនាញក្បាច់គុណនិងជំនាញពាក់ព័ន្ធចាំបាច់មួយចំនួនទៀតតាមការព្រមព្រៀងគ្នា។
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ច គណៈប្រតិភូកូរ៉េបានធ្វើទស្សនកិច្ចក្នុងបរិវេណបណ្ឌិត្យសភានគរបាល កន្លែងហ្វឹកហាត់ក្បាច់គុន ទីលានបាញ់គ្រាប់ពិត ទីលានឆ្លងកាត់ឧបស័គ្គ និងកន្លែងហ្វឹកហាត់ផ្សេងៗទៀត៕