ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅរសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជាទៅបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលប្រជាជនឡាវនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រយៈពេល៥ថ្ងៃ ចាប់ពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ដល់រសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤។
ដំណើរទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលប្រជាជនឡាវនេះ ធ្វើឡើងដើម្បីផ្លាស់ប្តូរបទពិសោធការងាររវាងថ្នាក់ដឹកនាំនៃបណ្ឌិត្យសភានគរបាលនៃប្រទេសទាំងពីរ។ ក្នុងនោះ គណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក៏អញ្ជើញពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធនានារបស់បណ្ឌិត្យសភានគរបាលប្រជាជនឡាវ ទស្សនាទីលានបាញ់គ្រាប់ពិត ទស្សនាទីក្រុងវៀងចន្ទន៍ ទស្សនាល្អាងចាំងនិងល្អាងពូខាំ នៅស្រុកវ៉ាំងវៀង ខេត្តវៀងចន្ទន៍ ផងដែរ។
ផ្អែកតាមកម្មវិធីនៃដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដឹកនាំដោយឯកឧត្ដមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយឯកឧត្តមរដ្ឋលេខាធិការក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីស្តីការក្រសួងផងដែរ។