ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញទទួលស្វាគមន៍និងបដិសណ្ឋារកិច្ចវត្តមានឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល
នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលស្វាគមន៍និងបដិសណ្ឋារកិច្ចវត្តមានឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៥ ដែលមានសិក្ខាកាមសរុបចំនួន៣៥៩នាក់ នារី៥២នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃវគ្គសិក្សា លទ្ធផលល្អនៃការសិក្សា គុណភាពនៃការបណ្ដុះបណ្ដាល វឌ្ឍនភាពរបស់បណ្ឌិត្យសភា និងការចូលរួមចំណែករបស់សិក្ខាកាមក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិនិងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្រោមការដឹកនាំប្រកបដោយប្រាជ្ញាភិវឌ្ឍន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមសន្តិបណ្ឌិត បានចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តមសន្តិបណ្ឌិត បានប្រគល់វិញ្ញាបនបត្រជានិមត្តិរូបជូនដល់សិក្ខាកាមជ័យលាភីចំនួន៤៤នាក់ និងបានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនិងបន្តការងារអភិវឌ្ឍ ស្របតាមស្តង់ដាគុណភាពនិងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹងនិងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យនិងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។