ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ(២០១៩-២០២៣)របស់បណ្ឌិត្យសភានគរបាលកម្ពុជា
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ(២០១៩-២០២៣) របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំបណ្ឌិត្យសភា សាស្ត្រាចារ្យ គ្រូនគរបាលជាតិ ថ្នាក់ដឹកនាំអង្គភាពចំណុះបណ្ឌិត្យសភា និងមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៅសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ជាកិច្ចដំបូង ឯកឧត្ដមនាយឧត្ដមសេនីយ៍ប្រធាន បានសម្តែងនូវក្ដីសោមនស្សនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអញ្ជើញចូលរួមរបស់ ឯកឧត្ដម អស់លោក លោកស្រី ទាំងអស់ ក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៩ -២០២៣)។
ឯកឧត្តមប្រធាន បានថ្លែងបញ្ជាក់ជូនថា អង្គសន្និបាតរបស់បណ្ឌិត្យសភានៅឆ្នាំនេះ មានលក្ខណៈពិសេស គឺយើងធ្វើសន្និបាតបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ៥ឆ្នាំ(២០១៩-២០២៣) ហើយដាក់ឱ្យប្រើផែនការយុទ្ធសាស្ត្រថ្មី ព្រមទាំងសម្ភោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីៗផងដែរ។ ម្យ៉ាងទៀត សន្និបាតនេះ ប្រពឹត្តទៅរយៈពេល២ថ្ងៃកន្លះ គឺនៅថ្ងៃទី២២និង២៣ ខែកុម្ភៈ ដែលយើងរៀបចំក្នុងក្របខ័ណ្ឌផ្ទៃក្នុង ហើយនៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ទើបយើងរៀបចំពិធីបិទសន្និបាត នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធាន ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត សាស្រ្តាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីទាំងអស់របស់បណ្ឌិត្យសភា ដែលមានគំនិតផ្ដួចផ្ដើមច្នៃប្រឌិតថ្មីៗ មានស្មារតីទទួលខុសត្រូវលើការងារ មានឆន្ទៈការងារមោះ មុត មានសាមគ្គីភាពផ្ទៃក្នុងល្អ ក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនកន្លងមក ដើម្បីជំរុញឱ្យបណ្ឌិត្យសភាឈានទៅសម្រេចបានជោគជ័យតាមចក្ខុវិស័យ គោលបំណង គោលដៅ និងបេសកកម្ម ដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ដំណាក់កាលទី២ (២០១៩-២០២៣) របស់ខ្លួន។ នៅថ្ងៃនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញអំពីសមិទ្ធផលនានាដែលសម្រេចបានក្នុងរយៈពេល៥ឆ្នាំ (២០១៩ -២០២៣) ទាំងក្នុងដំណាក់កាលដែលឯកឧត្តមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ជាប្រធាននិងក្នុងដំណាក់កាលដែល ឯកឧត្តមនាយឧត្តមសេនីយ៍ ឯក មនោសែន មកដឹកនាំនៅទីនេះ ក្នុងចុងឆ្នាំ២០២៣។
ឯកឧត្តមប្រធាន បានថ្លែងបន្តឱ្យដឹងថាសន្និបាតដែលមានរយៈពេលពីរថ្ងៃកន្លះនេះ គឺបានបង្កើតឱ្យមានក្រុមពិភាក្សានិងឡើងធ្វើបទបង្ហាញលើប្រធានបទចំនួន៧ ដូចតទៅ៖
ប្រធានបទទី១ “ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្ដល់សេវាសម្រាប់អ្នកសិក្សា” ប្រធានបទទី២ “ការបណ្ដុះគំនិតស្រាវជ្រាវដល់គ្រូនគរបាលជាតិនិងនិស្សិតនគរបាល ដើម្បីលើកកម្ពស់គុណភាពអប់រំ” ប្រធានបទទី៣ “ការរៀបចំផែនការគ្រូបន្តវេន ដើម្បីធានានិរន្តរភាពនៃការបណ្ដុះបណ្ដាល” ប្រធានបទទី៤ “ការលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តវិន័យអ្នកសិក្សា” ប្រធានបទទី៥ “ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃការរៀបចំសៀវភៅគោល” ប្រធានបទទី៦ “ការរៀបចំខ្លួនឱ្យក្លាយជាបណ្ឌិត្យសភាឌីជីថល”
ប្រធានបទទី៧ “ការជំរុញការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលឱ្យដំណើរការបានល្អ”
ជាទីបញ្ចប់ ឯកឧត្តមប្រធាន បានបង្ហាញនូវក្តីសង្ឈឹមមុតមាំថា អង្គសន្និបាតទាំងមូលនឹងប្រព្រឹត្តទៅសម្រេចបានជោគជ័យតាមកម្មវីធីដែលបានគ្រោងទុកនិងបានប្រកាសបើកអង្គសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ (២០១៩-២០២៣) របស់បណ្ឌិត្យសភានគរបាលកម្ពុជា ចាប់ពីពេលនេះតទៅ។