ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញសង្គ្រោះជីវិតសារវន្តនិងជំនាញឆ្លើយតបការសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍
នៅព្រឹកថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញសង្គ្រោះជីវិតសារវន្តនិងជំនាញឆ្លើយតបការសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅសាលមហោស្រពនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងនិងសម្ដែងនូវការកោតសរសើរដោយស្មោះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អង្គការ Love in Action ជាមួយថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានភារកិច្ចពាក់ព័ន្ធនឹងវគ្គបណ្ដុះបណ្ដាលនេះ ដោយមានការខិតខំបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបណ្តុះបណ្តាល ស្ដីពី«ជំនាញសង្គ្រោះជិវិតសារវន្តនិងជំនាញឆ្លើយតបការសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍» ទទួលបានជោគជ័យតាមការកំណត់។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល «ជំនាញសង្គ្រោះជិវិតសារវន្តនិងជំនាញឆ្លើយតបការសង្គ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍» នេះបានចាប់ផ្តើមកាលពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ និងចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន ក៏បានសម្ដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ប្រូស ហេន (Bruce Hein) នាយកអង្គការ Love in Action លោក ត្រាវីស ស្តេនលី (Travis Stanley) អ្នកដឹកនាំគ្រូបង្គោល និងក្រុមគ្រូបង្ហាត់ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលាដ៏មានតម្លៃនិងជំនាញវិជ្ជាជីវៈ ក្នុងការបង្ហាត់បង្រៀនដល់ក្រុមគ្រូបង្គោលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយ ដែលត្រូវបិទវគ្គបញ្ចប់ការបណ្តុះបណ្តាលនាពេលនេះ។ មិនតែប៉ុណ្ណោះ អង្គការក៏បានផ្តល់នូវសម្ភារៈហ្វឹកហាត់មួយចំនួនជូនដល់បណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។
បន្ថែមលើនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏សូមចូលរួមអបអរសាទរចំពោះសិក្ខាកាម ដែលជាគ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជានិងសិក្ខាកាមមកពី អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលទាំងពីរខាងលើប្រកបដោយភាពជោគជ័យនាពេលនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ ដោយមានជំនឿថា ការបង្កើនសមត្ថភាពវិជ្ជាជីវៈនិងទទួលចំណេះដឹង បទពិសោធបន្ថែមទៀត សម្រាប់គ្រូបង្គោលនៃបណ្ឌិត្យសភានគរបាលកម្ពុជានិងមន្ត្រីនគរបាលប្រតិបត្តិការទាំងអស់ ដែលពាក់ព័ន្ធ នឹងបានរួមចំណែកក្នុងការសង្រ្គោះអាយុជីវិតដែលបង្កឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍ ហើយគឺជាការឆ្លើយតបតាមផែនការជាតិទសវត្សរ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០ ដែលគ្រោងកាត់បន្ថយចំនួនអ្នកស្លាប់និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន៥០% នៅឆ្នាំ២០៣០ ដែលដឹកនាំអនុវត្តដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះដែរ ជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលទាំងពីរនេះ នឹងត្រូវផ្ដល់ការបណ្តុះបណ្តាលបន្តដល់និស្សិតនិងសិក្ខាកាមនគរបាលទាំងអស់ ដែលមកសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជានិងនៅតាមសាលានគរបាលជាតិភូមិភាគនានា ទាំងពេលបច្ចុប្បន្ននិងទៅអនាគត ក្នុងគោលបំណងអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងគោលជំហរគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ស្របតាមគោលការណ៍នីតិរដ្ឋដែលជាគ្រឹះនៃកម្មវិធីកែទម្រង់និងអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញនិងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួននៅតាមអង្គភាពនានាបានល្អប្រសើរនិងប្រកបដោយប្រសិទ្ធភាព។
ជាទីបញ្ចប់ ក្នុងនាមប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ មន្ត្រី និងនិស្សិត សិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមប្រធាន សូមជូនពរដល់ថ្នាក់ដឹកនាំនៃអង្គការ Love in Action ក្រុមគ្រូបង្ហាត់និងសហការី ឯកឧត្តម លោក លោកស្រី ព្រមទាំងសិក្ខាកាមទាំងអស់ ដែលមានវត្តមាននៅក្នុងពិធីបិទវគ្គនេះ ទទួលបាននូវសុខភាពល្អ សុភមង្គលក្នុងគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច៕