បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

បណ្ឌិត្យសភានគរបាលកម្ពុជា

POLICE ACADEMY OF CAMBODIA

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ


ពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាលជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២នៅបណ្ឌិត្យសភានគរបាលកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ចំនួនទស្សនា (667)


នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល ជំនាន់ទី១១ និងថ្នាក់បរិញ្ញាបត្រជំនាញគ្រប់គ្រងពន្ធនាគារ ជំនាន់ទី២ ជូនដល់និស្សិតនាយនគរបាលបន្តវេននិងមន្រ្តីពន្ធនាគារ ចំនួន២២៣នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាល កម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍និងរាយការណ៍សង្ខេបអំពីលទ្ធផលនៃការងារបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលនិងបរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ រួមនឹងសមិទ្ធផលនានាជាច្រើននិងបានលើកឡើងអំពីប្រវត្តិនៃការជ្រើសរើសនិស្សិតនគរបាលផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ បានឱ្យដឹងថា ដំបូងឡើយ ក្រសួងមហាផ្ទៃបានធ្វើការជ្រើសរើសពីក្នុងចំណោម មន្ត្រីនគរបាលជាតិដែលមានក្របខ័ណ្ឌស្រាប់ឱ្យមកចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល។ ប៉ុន្តែ ចាប់តាំងពីឆ្នាំ២០១៩មក ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានធ្វើកំណែទម្រង់លើការជ្រើសរើសនេះ ដោយត្រូវជ្រើសរើសពីក្នុងចំណោមយុវជននិងយុវនារី ដែលមានសញ្ញាបត្របាក់ឌុប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ បានដាក់ចេញនូវកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងបានកំណត់យកវិស័យអាទិភាពគន្លឹះ៥ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍជាតិនិងឆ្លើយតបទៅនឹងបរិបទថ្មីនៃបដិវត្តឧស្សាហកម្មទី៤និងបរិវត្តកម្មឌីជីថល។
ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយមោទនភាពលើការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងកម្លាំង ព្រមទាំងបានថ្លែងអំណរគុណដល់សប្បុរសជនដែលបានជួយអភិវឌ្ឍបណ្ឌិត្យសភា។ ក្រសួងមហាផ្ទៃនៅតែបន្តគាំទ្រឧបត្ថម្ភនិងផ្ដល់អាទិភាពខ្ពស់ដល់ការងារបណ្ដុះបណ្ដុះបណ្ដាល ដើម្បីកសាងធនធានមនុស្សផ្នែកកងកម្លាំងសម្រាប់បន្តវេនពីមួយជំនាន់ទៅមួយជំនាន់។
ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃត្រូវធ្វើការជ្រើសរើសមន្រ្តីនគរបាលជាតិក្របខ័ណ្ឌថ្មីបីប្រភេទជារៀងរាល់ឆ្នាំ ដើម្បីបំពេញជួសមន្រ្តីឬគ្រូនគរបាលជាតិដែលចូលនិវត្តន៍ ទទួលមរណភាព ការលុបឈ្មោះចេញពីក្របខ័ណ្ឌ ការបាត់បង់សមត្ថភាពការងារ និងការផ្ទេរចេញ ដូចខាងក្រោម៖
ប្រភេទទី១ : ជ្រើសរើសមន្ត្រីនគរបាលជាតិដែលត្រូវបំពេញការងារនៅតាមអង្គភាពជំនាញនានាពិសេសប៉ុស្តិ៍នគរបាលរដ្ឋាបាល ដែលត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលរយៈពេល៤ខែ។
ប្រភេទទី២ : ការជ្រើសរើសឱ្យចូលបម្រើការងារជាគ្រូនគរបាលជាតិ ដោយធ្វើការបណ្ដុះបណ្ដាលក្នុងរយៈពេលកំណត់មួយ ដើម្បីឱ្យក្លាយជាគ្រូនគរបាលជាតិបន្តវេនជំនាញនគរបាលនិងត្រូវឆ្លងកាត់វគ្គគរុកោសល្យបន្ថែម ទៀត។
ប្រភេទទី៣ : ការជ្រើសរើសឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ជារៀងរាល់ឆ្នាំតាមរយៈការប្រឡងប្រជែង ដែលត្រូវសិក្សារយៈពេល៤ឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងកោតសរសើរដល់ប្អូនៗជានិស្សិតនគរបាលជ័យលាភីទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹងនិងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពញភារកិច្ចទទួលខុសត្រូវបានល្អប្រសើរជូនជាតិនិងប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ដល់កិត្តិយសប្រគល់សញ្ញាបត្រដល់តំណាងនិស្សិត នគរបាលជ័យលាភីចំនួន២៥រូប។


Song

ព័ត៌មានជាប់ទាក់ទង

ភូមិស្តៅកន្លែង ឃុំដីឥដ្ឋ  ស្រុកកៀនស្វាយ  ខេត្តកណ្តាល

(តាមបណ្តោយផ្លូវជាតិ លេខ១ ចំងាយ ២៦ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ)

សាអេឡិច​ត្រូនិច : info@pac.edu.kh

លេខទូរស័ព្ទ : (+855) 12 895 690

Flag Counter
© 2024

រក្សាសិទ្ធគ្រប់បែបយ៉ាងដោយ បណ្ឌិត្យសភានគរបាលកម្ពុជា

កែប្រែចុងក្រោយ : 1 ថ្ងៃមុន