ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន អញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិតអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលចំនួន៤រួមគ្នា រួមមាន វគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៦ វគ្គបំប៉នជំនាញស៊ើបអង្កេតបទល្មើសសេដ្ឋកិច្ច វគ្គបំប៉នជំនាញការងារគ្រប់គ្រងការស្នាក់នៅអចិន្ត្រៃយ៍ ការស្នាក់នៅបណ្តោះអាសន្ននិងបាត់មុខ និងវគ្គបណ្តុះបណ្តាលអក្ខរកម្មបច្ចេកវិទ្យាឌីជីថលសម្រាប់មន្រ្តីនគរបាលថ្នាក់ក្រោមជាតិ ដោយមានសិក្ខាកាមជ័យលាភីសរុបចំនួន៤៥៩នាក់ នារី៧៩នាក់ រៀបចំឡើងនៅសាលសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម(អគារB)។
ជាកិច្ចដំបូង ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យប្រធានបណ្ឌិត្យសភា ក៏បានគោរពរាយការណ៍ជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងអង្គពិធីទាំងមូល ដោយបានលើកឡើងអំពីសារៈសំខាន់និងលទ្ធផលល្អនៃការសិក្សា គុណភាពនៃការបណ្ដុះបណ្ដាល វឌ្ឍនភាពរបស់បណ្ឌិត្យសភា ព្រមទាំងការចូលរួមចំណែករបស់សប្បុរសជននានានិងសិក្ខាកាមក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជាផងដែរ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការវគ្គសិក្សានេះ គឺជាសក្ខីភាពបង្ហាញអំពីការងារកំណែទម្រង់នគរបាលជាតិនិងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកថា ការងារបណ្តុះបណ្តាលមន្ដ្រីនគរបាលជាតិ គឺជាការងារចាំបាច់ ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំដោយគ្មានទីបញ្ចប់នោះទេ ដើម្បីធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្តី សមត្ថភាពជំនាញវិជ្ជាជីវៈ និងអាកប្បកិរិយាល្អ ក្នុងការចូលរួមចំណែករក្សាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិលើគ្រប់វិស័យ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
ជាចុងក្រោយ ឯកឧត្តមអភិសន្តិបណ្ឌិត បានប្រគល់វិញ្ញាបនបត្រជានិមត្តិរូបដល់សិក្ខាកាមជ័យលាភីចំនួន២៥នាក់ ព្រមទាំងបានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាឱ្យបន្តការងារបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិនិងបន្តការងារអភិវឌ្ឍ ស្របតាមស្តង់ដាគុណភាពនិងផែនការយុទ្ធសាស្រ្តរបស់ខ្លួនឱ្យសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ព្រមទាំងផ្ដាំផ្ញើដល់សិក្ខាកាមជ័យលាភីទាំងអស់ ឱ្យយកចំណេះដឹងនិងជំនាញវិជ្ជាជីវៈដែលទទួលបានពីការបណ្ដុះបណ្ដាល ទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើអង្គភាព សង្គមជាតិ និងប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវវិន័យ និងក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់៕